កិច្ចប្រជុំពិគ្រោះយោបល់ស្តីពី ការរៀបចំអនុសាសន៍ក្លូនកៅស៊ូនៅកម្ពុជាសម្រាប់ឆ្នាំ២០២៣-២០២៥
នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ វិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា(CRRI) បានរៀបកិច្ចប្រជុំពិគ្រោះយោបល់ស្តីពី ការរៀបចំអនុសាសន៍ក្លូនកៅស៊ូនៅកម្ពុជាសម្រាប់ឆ្នាំ២០២៣-២០២៥ នៅស្ថានីយពិសោធន៍នៃ CRRI ស្ថិតក្នុងឃុំជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ក្នុងគោលបំណងដើម្បី៖ ពិភាក្សាលើសេចក្តីព្រាងនៃការរៀបចំអនុសាសន៍ក្លូនកៅស៊ូ និងរកធាតុចូលសំខាន់ៗមួយចំនួនដើម្បីកែលំអលើការរៀបចំអនុសាសន៍ក្លូនកៅស៊ូឲ្យកាន់តែប្រសើរឡើង។ គោលបំណងនៃការរៀបចំអនុសាសន៍ក្លូនកៅស៊ូនៅកម្ពុជា គឺដើម្បី៖(១)ការបង្កើនទិន្នផល (កាត់បន្ថយរយៈពេលកៅស៊ូមិនទាន់ផ្ដល់ផល បង្កើនទិន្នផលទឹកជ័រកៅស៊ូ និងបង្កើនផលិតភាពឈើកៅស៊ូ(មាឌឈើ)) និង(២)កាត់បន្ថយហានិភ័យ(ការខូចខាតដោយសារខ្យល ជំងឺស្លឹក និង ជំងឺស្ងួតមុខចៀរ)។ នៅក្នុងកិច្ចប្រជុំនេះ មានអ្នកចូលរួមចំនួន៣១នាក់ ក្នុងនោះមានស្រ្តីចំនួន២នាក់ ដែលអញ្ជើញមកពី អគ្គនាយកដ្ឋានកៅស៊ូ តាមបណ្តាក្រុមហ៊ុនចម្ការកៅស៊ូកសិឧស្សាហកម្ម សហគមន៍ចម្ការកៅស៊ូគ្រួសារ មន្ទីរកសិកម្មខេត្តត្បូងឃ្មុំ និងមន្ទីរកសិកម្មខេត្តកំពង់ចាម៕