រចនាសម្ព័ន និងអង្គការលេខ របស់ វសកក
វិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា “វ.ស.ក.ក” ជាគ្រឹះស្ថានសាធារណៈរដ្ឋបាលស្ថិតនៅក្រោម អាណាព្យាបាលបច្ចេកទេស នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងស្ថិតនៅក្រោមអាណាព្យាបាល ហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានភារកិច្ចជាអាទិ៍ដូចតទៅ៖
- ដឹកនាំ និងសម្រេចរាល់សកម្មភាពស្រាវជ្រាវនិងពិសោធន៍ សំដៅជំរុញការអភិវឌ្ឍលើគ្រប់ផ្នែកនៃដំណាំកៅស៊ូទូទៅ
- ចូលរួមក្នុងរាល់សកម្មភាពនៃការជំរុញផ្នែកបច្ចេកទេសសុវុឌ្ឍិកម្មនៃគុណភាពកៅស៊ូ និងតម្លៃផលិតកម្មកៅស៊ូ
- ទ្រទ្រង់ដល់ការអនុវត្តរាល់កម្មវិធីអភិវឌ្ឍន៍ដំណាំកៅស៊ូ តាមការសិក្សាអំពីលក្ខណៈ វិនិច្ឆ័យ ការតាមដាន និងវាយតម្លៃលទ្ធផល តាមការរៀបចំសម្រួលឯកសារផ្នែកបច្ចេកទេសនិងហិរញ្ញវត្ថុ និងតាមការធ្វើវិញ្ញាបនកម្មច្បារពូជ និងថ្នាលបណ្តុះកូនកៅស៊ូ
- ចាត់ចែងផ្តល់ពូជល្អៗតាមការបញ្ចូល សាកល្បង បង្កើត បង្កើន និងការផ្សព្វផ្សាយពូជ
- ចូលររួមក្នុងការធ្វើឲ្យមានតម្លៃ នូវគុណភាពកៅស៊ូ តាមការគ្រប់គ្រងមន្ទីពិសោធន៍ជាតិផ្នែកយថាប្រភេទ និងតាមការបង្កើតបទដ្ឋាន ស្តីពីគុណភាព
- ចាត់ចែងមធ្យោបាយធ្វើលក្ខណៈវិនិច្ឆ័យ និងវិភាគ
- ចូលរូមក្នុងសកម្មភាព ក្នុងការបណ្តុះបណ្តាលព័ត៌មាន ការផ្សព្វផ្សាយ និងផ្ទេរបច្ចេកវិទ្យាថ្មី
- និងជាទូទៅ តាមការផ្តួចផ្តើមគំនិតរបស់ខ្លូនផ្ទាល់ ឬតាមសំណើរបស់ដៃគូក្នុងប្រទេស និងក្រៅប្រទេស និងចាត់ចែងគ្រប់សកម្មភាព ដែលជាអត្ថប្រយោជន៍ដល់ការអភិវឌ្ឍប្រព័ន្ធកៅស៊ូ ព្រមទាំងកែលម្អនូវការយល់ដឹងក្នុងវិស័យនេះផងដែរ
- អនុវត្តភារកិច្ចផ្សេងទៀតដែលថ្នាក់ដឹកនាំអាណាព្យាបាលទាំងពីរប្រគល់ជូន
- វ.ស.ក.ក. ដឹកនាំដោយនាយក ១ (មួយ) រូប និងអមដោយនាយករងមួយចំនួនជាជំនួយការតាមការចាំបាច់។
វ.ស.ក.ក. មានការិយាល័យ និងអង្គភាពចំណុះចំនួន ៧ គឺៈ
- ការិយាល័យរដ្ឋបាល និងបុគ្គលិក
- ការិយាល័យផែនការ និងគណនេយ្យ
- ការិយាល័យបង្កាត់ពូជ
- ការិយាល័យដាំដុះ និងការពារ
- ការិយាល័យសរីរវិទ្យា និង អាជីវកម្ម
- មន្ទីរពិសោធន៍ជាតិយថាប្រភេទ មានថ្នាក់ស្មើការិយាល័យ
- ស្ថានីយអនុវត្ត មានថ្នាក់ស្មើការិយាល័យ
ការិយាល័យ និងអង្គភាពចំណុះ វ.ស.ក.ក. នីមួយៗ ដឹកនាំដោយប្រធាន ១ (មួយ) រូបនិងអមដោយអនុប្រធានមួយចំនួនជាជំនួយការ។
ប្រធានការិយាល័យ និងប្រធានអង្គភាព ត្រូវទទួលខុសត្រូវចំពោះមុខនាយក វ.ស.ក.ក. នូវរាល់ការងារក្នុងការិយាល័យ និងអង្គភាព។ អនុប្រធានការិយាល័យ អនុប្រធានអង្គភាព ជាជំនួយការឱ្យប្រធាន ត្រូវបានប្រធានប្រគល់ការងារមួយចំនួនឲ្យទទួលបន្ទុក និងទទួលខុសត្រូវចំពោះមុខប្រធាន លើរាល់សកម្មភាពការងារនៅក្នុងការិយាល័យ និងអង្គភាព។
១- ការិយាល័យរដ្ឋបាល និងបុគ្គលិកមានតួនាទី ភារកិច្ចដូចតទៅ៖
- សម្របសម្រួលរាល់សកម្មភាពផ្នែករដ្ឋបាល
- គ្រប់គ្រង និងចរាចរឯកសារ
- ធានាប្រសិទ្ឋិភាព សុវត្ថិភាពរដ្ឋបាល និងការងារពិធីការ
- ការពារសន្តិសុខ និង សណ្តាប់ធ្នាប់ក្នុងទីស្នាក់ការវិទ្យាស្ថាន
- រៀបចំគំរោងអភិវឌ្ឍន៍ធនធានមនុស្ស និងចាត់ចែងមន្រ្តីរាជការចូលរួមវគ្គបណ្តុះបណ្តាលផ្សេងៗ
- គ្រប់គ្រងស្ថិតិ និងក្របខ័ណ្ឌមន្ត្រីរាជការ
- រៀបចំការងារបៀវត្សពលកម្ម ប្រាក់កម្រៃ និងរបបឧបត្ថម្ភផ្សេងៗ
- រៀបចំនយោបាយបណ្តុះបណ្តាលធនធានមនុស្ស
- លើកសំណើតែងតាំង បន្ថយឋានៈ សម្រួលភារកិច្ច ឫកែសម្រួលរចនាសម្ព័ន្ឋតាមស្ថានភាពជាក់ស្តែង
- សរុប និងធ្វើរបាយការណ៍ និងសកម្មភាពផ្សេងៗ
- ទទួលភារកិច្ចផ្សេងទៀតដែលថ្នាក់ដឹកនាំ វ.ស.ក.ក. ប្រគល់ជូន។
២- ការិយាល័យផែនការ និងគណនេយ្យមានតួនាទី ភារកិច្ចដូចតទៅ៖
- កសាងផែនការការងារ យុទ្ឋសាស្រ្ត និងកម្មវិធីស្រាវជ្រាវដំណាំកៅស៊ូរយៈពេលខ្លី មធ្យម វែង សម្រាប់ប្រើប្រាស់ជាទិសដៅក្នុងការជំរុញកិច្ចអភិវឌ្ឍន៍វិស័យកៅស៊ូ
- កសាង និងអនុវត្តផែនការ ថវិកាប្រចាំឆ្នាំ
- តាមដាន និងរំលឹកការអនុវត្តថវិកា និងគ្រប់គ្រងបញ្ជីគណនេយ្យ
- គ្រប់គ្រងចលនទ្រព្យ និងអចលនទ្រព្យ សន្និធិសម្ភារ និងធ្វើបញ្ជីសារពើភ័ណ្ឌ
- ទទួល និងបែងចែក សម្ភារបរិក្ខារឱ្យដល់បណ្តាការិយាល័យនិងអង្គភាពក្រោមឱវាទវិទ្យាស្ថាន
- ធ្វើរបាយការណ៍សម្រេចទូទាត់ប្រចាំឆ្នាំ
- ទទួលភារកិច្ចផ្សេងទៀតដែលថ្នាក់ដឹកនាំ ប្រគល់ជូន។
៣- ការិយាល័យបង្កាត់ពូជមានតួនាទី ភារកិច្ចដូចតទៅ៖
- សិក្សាស្រាវជ្រាវបញ្ចូលក្លូនថ្មីនាំចូលពីបរទេស
- បង្កើតច្បារសមុច្ច័យ ដើម្រក្សាទុកនូវគ្រប់ក្លូនដែលមាននៅក្នុងប្រទេស និងក្លូនថ្មីដែលនាំចូលពីបរទេស
- បង្កើតច្បារពូជ ដើម្បីផ្គត់ផ្គង់ភ្នែកពូជដល់ការពិសោធ និងផ្សព្វផ្សាយដល់អ្នកប្រើប្រាស់
- បង្កើតយន្តការសិក្សាក្លូនថ្មីនាំចូលពីបរទេស
- សិក្សាក្លូនថ្មី
- ទទួលភារកិច្ចផ្សេងៗទៀតដែលថ្នាក់ដឹកនាំប្រគល់ជូន។
៤- ការិយាល័យដាំដុះ និងការពារមានតួនាទី ភារកិច្ចដូចតទៅ៖
- សិក្សាប្រធានបទអំពីរបៀបដាំដុះ រុក្ខជាតិគ្រប់ដី របៀបរៀបចំដី ដង់ស៊ីតេដើមកៅស៊ូ របៀបថែទាំដំណាំ
- បង្តើតវិធានការគ្រប់គ្រងជីជាតិដី
- បង្កើតបណ្តាញត្រួតពិនិត្យ និងតាមដានសម្រាប់សិក្សាអំពីភាពងាយទទួលជំងឺរបស់ក្លូននីមួយៗ
- បញ្ចូល និងតាក់តែងវិធីការពារ និងព្យាបាលជំងឺកៅស៊ូគ្រប់ប្រភេទ
- បង្កើតឡូត៍ពិសោធន៍បង្ហាញ
- ទទួលភារកិច្ចផ្សេងទៀតដែលថ្នាក់ដឹកនាំប្រគល់ជូន។
៥- ការិយាល័យសរីរវិទ្យា និងអាជីវកម្មមានតួនាទី ភារកិច្ចដូចតទៅ៖
- ផ្តល់សិក្សាស្រាវជ្រាវបច្ចេកទេស និងអនុសាសន៍អាជីវកម្មនានា ដែលធ្វើឲ្យផលិតកម្ម និងអាយុដើមកៅស៊ូបានផលប្រសើរបំផុត
- កំណត់វិធីចៀរជ័របែបប្រពលវប្បកម្ម មុននឹងកាប់ដើមកៅស៊ូចាស់ៗ
- តាក់តែងវិធីអាជីវកម្មនានាដែលអាចនាំឲ្យក្លូនទាំងនោះបញ្ចេញអស់សក្តានុពល
- សិក្សាស្រាវជ្រាវអំពីលក្ខណៈសរីរវិទ្យានៃទឹកជ័រដើមកៅស៊ូដែលអាចផ្តល់សក្តានុពលភាព
- ទទួលភារកិច្ចផ្សេងទៀតដែលថ្នាក់ដឹកនាំប្រគល់ជូន។
៦- មន្ទីរពិសោធន៍ជាតិយថាប្រភេទ មានតួនាទី ភារកិច្ចដូចតទៅ៖
- ត្រួតពិនិត្យនីតិវិធីរៀបសំណាក់ និងវិភាគរបស់មន្ទីពិសោធន៍ក្នុងរោងចក្រកែច្នៃដើម្បីផ្សព្វផ្សាយឈ្មោះកោស៊ូកម្ពុជា
- ត្រួតពិនិត្យតាមដានចំណាត់ថ្នាក់គុណភាពកៅស៊ូទៅតាមបទដ្ឋានអន្តរជាតិ
- ធ្វើយថាប្រភេទកម្មនូវផលិតផលកៅស៊ូ
- ទទួលភារកិច្ចផ្សេងទៀតដែលថ្នាក់ដឹកនាំប្រគល់ជូន។
៧- ស្ថានីយអនុវត្តមានតួនាទី ភារកិច្ចដូចតទៅ៖
- ទទួលអនុវត្តន៍តាមពិធីសារពិសោធន៍ស្រាវជ្រាវឱ្យបានត្រឹមត្រូវ
- រៀបចំអនុវត្តការងារដាំដុះ ថែទាំ ចៀរជ័រ ប្រមូលទឹកជ័ររបស់ស្ថានីយពិសោធន៍ឱ្យបានល្អ
- គ្រប់គ្រង បែងចែក កម្លាំងពលកម្មរបស់ស្ថានីយដល់ការស្រាវជ្រាវ
- គ្រប់គ្រងសម្ភាៈ ឧបករណ៍ដែលប្រើប្រាស់ក្នុងស្ថានីយ
- ទទួលភារកិច្ចផ្សេងទៀតដែលថ្នាក់ដឹកនាំប្រគល់ជូន។